អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីជំនាញ សិក្សាដើម្បីសាងសង់អគារសាលាបឋមសិក្សា ព្រែកតាពៅ ចំនួន ១ខ្នង បន្ទាប់ពីពិនិត្យឃើញអាគារចាស់មានសភាពចាស់ទ្រុឌទ្រោម
ចេញផ្សាយថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីជំនាញ សិក្សាដើម្បីសាងសង់អគារសាលាបឋមសិក្សា ព្រែកតាពៅ ចំនួន ១ខ្នង បន្ទាប់ពីពិនិត្យឃើញអាគារចាស់មានសភាពចាស់ទ្រុឌទ្រោម ដែលមិនអាចធានាបាននូវការប្រើប្រាស់យូរអង្វែង ពិសេសអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅទីនោះ។
ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែងអគារសិក្សា ១ខ្នង ក្នុងសាលាបឋមសិក្សា ព្រែកតាពៅ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្តបន្តថា បន្ទាប់ពីទទួលបានសំណើរ និងសំណូមពររបស់លោកនាយកសាលា ស្នើសុំអគារសិក្សាថ្មី ព្រោះអាគារសិក្សាសព្វថ្ងៃ មានសភាពចាស់ទ្រុឌទ្រោម សាងសង់តាំងពីឆ្នាំ១៩៧៩ ដែលប្រឈមនឹងហានិភ័យ បង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សពេលកំពុងសិក្សា ដូច្នេះទើបឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថាអគារនេះមានសភាពចាស់ទ្រុឌទ្រោម ប្រេះតាមជញ្ជាំង សសរប្រេះចេញដែក មិនអាចឱ្យសិស្សានុសិស្សបន្តការសិក្សានៅទីនេះបានយូរតទៅទៀតឡើយ។ ដូច្នេះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញបច្ចេកទេស ចុះធ្វើការសិក្សា និងលើកគម្រោងដើម្បីសាងសង់អគារសិក្សាថ្មី ជំនួសអគារចាស់ទ្រុឌទ្រោមនេះនាពេលខាងមុខ ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់ កុមារា កុមារី នៅសាលាបឋមសិក្សា ព្រែកតាពៅ នេះបន្តទៅទៀត។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានបន្តចុះពិនិត្យករណីបាក់ស្រុតផ្លូវនៅបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ និងបានណែនាំដល់មន្ទីរជំនាញ ចុះសិក្សាដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យផ្លូវនេះអាចធ្វើដំណើរបាននាពេលខាងមុខ និងទប់ស្កាត់ការបាក់ស្រុតច្រាំងបន្ថែមទៀតផងដែរ៕










