អង្គការ UNESCO ប្រចាំប្រទេសកម្ពុជាបញ្ជាក់ជំហរសហការបន្ថែមទៀតជាមួយក្រសួងទេសចរណ៍
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អង្គការ UNESCO ប្រចាំប្រទេសកម្ពុជាបញ្ជាក់ជំហរសហការបន្ថែមទៀតជាមួយក្រសួងទេសចរណ៍

 អង្គការ UNESCO ប្រចាំប្រទេសកម្ពុជាបញ្ជាក់ជំហរសហការបន្ថែមទៀតជាមួយក្រសួងទេសចរណ៍ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌-បេតិកភណ្ឌ និងចាត់ទុកទេសចរណ៍ជាមូលបទសំខាន់មួយសម្រាប់ព្រឹត្តការណ៍អបអរសាទរខួបទី៧៥ឆ្នាំនៃសមាជិកភាពរបស់កម្ពុជា

ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។



ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លាដែលកម្ពុជាមាន។ 



កិច្ចពិភាក្សា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសដល់ក្រសួងទេសចរណ៍លើការចុះបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ដោយបានលើកឡើងពីភាពជោគជ័យរបស់ទីក្រុងបាត់ដំបងដែលជាប់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ ព្រមទាំងពិចារណាលើការគាំទ្រខេត្តផ្សេងៗ នាពេលអនាគត ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ ដោយផ្តោតលើការអភិរក្សតម្លៃសកលដ៏អស្ចារ្យឱ្យបានគង់វង្ស និងឋិតឋេរ សម្រាប់ជាគោលដៅទេសចរណ៍បេតិកភណ្ឌ។


ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Flavio Bonetti និងសហការីរបស់អង្គការសហប្រជាជាតិ UNESCO ប្រចាំកម្ពុជា ចំពោះការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍រហូតមកក្នុងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ប្រកបដោយចីរភាព ស្របតាមស្តង់ដាអន្តរជាតិ និងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនានា ដែលជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការគាំទ្របន្ថែមពី UNESCO ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាពិសេស និងបន្ទាន់គឺប្រាសាទព្រះវិហារ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើជំនួយបច្ចេកទេសដល់ក្រសួងទេសចរណ៍ ក្នុងការចុះបញ្ជីទីក្រុងកំពត ទីរួមខេត្តក្រចេះ និងខេត្តរតនគិរីក្នុងបណ្តាញទីក្រុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ព្រមទាំងការបញ្ចូលវិស័យទេសចរណ៍ជាមូលបទសំខាន់មួយក្នុងអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា នាឆ្នាំ២០២៦។


គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ UNESCO តាំងពីឆ្នាំ១៩៥១ ដែលគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេល ៧៥ឆ្នាំ ហើយក៏ជាខួបលើកទី៣៥ នៃការបើកការិយាល័យ UNESCO ប្រចាំកម្ពុជាឡើងវិញនាឆ្នាំ១៩៩១។











Previous Post Next Post