និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ រួមគ្នាសហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ខេត្តព្រៃវែង៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា គ.ស.២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ រួមគ្នាសហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចខេត្តព្រៃវែងទាំងអស់។
សិក្ខាសាលានេះផ្តល់ជូនសិក្ខាកាមនូវចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅពាក់ព័ន្ធនឹងការប្រមូលមូលនិធិក្រោមរូបភាពវិនិយោគពិតប្រាកដក្នុងវិស័យមូលបត្រដោយស្របច្បាប់ រូបភាពវិនិយោគក្នុងវិស័យមូលបត្រដោយគ្មានអាជ្ញាបណ្ណស្របច្បាប់ និងការឆបោកក្រោមរូបភាពនៃការវិនិយោគ បទល្មើសតាមបច្ចេកវិទ្យា និងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ ដើម្បីបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពខុសច្បាប់ ហើយរួមគ្នាចាត់វិធានការផ្លូវច្បាប់ឱ្យទាន់ពេលវេលា ក្នុងគោលដៅទប់ស្កាត់ការកៀរគរថវិកា និងការប្រមូលមូលនិធិពីប្រជាពលរដ្ឋក្រោមរូបភាពវិនិយោគផ្សេងៗ ដោយសន្យាផ្តល់ប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ដែលជាសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។





