រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ដើរដោយថ្មើរជើង ក្រោមពាក្យស្លោក «ដើរដើម្បីសន្ដិភាព»នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥
ចេញផ្សាយថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៥
កំពង់ចាម៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីជាការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជាមុខ ដែលបានប្រឹងប្រែងការពារទឹកដី ជួយរក្សាសន្ដិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការសហការជាមួយក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ដើរដោយថ្មើរជើង ក្រោមពាក្យស្លោក «ដើរដើម្បីសន្ដិភាព» ដែលពិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា យុទ្ធនាការ ដើរដើម្បីសន្តិភាពនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទី ព្រឹក រហូតដល់ម៉ោង ៩៖០០នាទី ព្រឹក ត្រូវនិងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយចាប់ផ្តើមដើរពីវិមានឯករាជ្យ ឆ្ពោះទៅតាមជួរមាត់ទន្លេ ក្រុងកំពង់ចាម មានចម្ងាយជាង ៤គីឡូម៉ែត្រ ដែលមានសមាសភាព អ្នកចូលរួម ចំនួន១០០០នាក់ ។
ឯកឧត្តម បានបន្តថា យុទ្ធនាការដើរដើម្បីសន្ដិភាពនេះ បងប្អូនប្រជាពលរដ្ឋអាចចូលរួម បានទាំងអស់គ្នា ដោយព្រឹត្តិការណ៍នេះ បើកចំហសម្រាប់មនុស្សគ្រប់វ័យ គ្រប់និន្នាការ គ្រប់វិស័យ និងគ្រប់ភេទ។កម្មវិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញមួយនោះទេ វាក៏ជាចលករដ៏មានតម្លៃខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញថា ពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្ដិភាពដ៏ល្អប្រសើរមួយ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះ បងប្អូនប្រជាពលរដ្ឋដែលមានផលិតផល ផលិតដោយខ្លួនឯងផ្ទាល់ អាចមកទាក់ទងជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីឱ្យមន្រ្តីពាណិជ្ជកម្មរៀបចំស្ដង់ សម្រាប់ឱ្យដាក់តាំង លក់ផលិតផល ក្នុងព្រឹត្តិការណ៍នេះបានដែរ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម






