មន្ទីររៀបចំដែនដីខេត្តកណ្តាល ប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន០៨ភូមិ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ
ចេញផ្សាយថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥
ខេត្តកណ្តាល៖ ភូមិចំនួន៨ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ត្រូវបានបិទផ្សាយជាសាធារណៈឯកសារនៃកាវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនពីរភាពត្រឹមត្រូវពិតប្រាកដជៀសវាងខុសឆ្គងដោយប្រការណាមួយ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅវត្តស្លាកែត។
ថ្លែងក្នុងពិធីនេះ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ ស្រុកកៀនស្វាយ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន២៤លើករួចមកហើយ ចំពោះការបិទផ្សាយនាពេលនេះគឺមាន៨ភូមិ រួមមាន៖ ភូមិចន្លក់ ភូមិចន្លក់ក្រៅ ភូមិគគីរ ភូមិទួលត្នោត ភូមិទួលក្របៅ ភូមិដូនស ភូមិទួលដួង និងភូមិតារាបដូនស ស្មើនឹង៨,០៧៣ក្បាលដី។ដោយគិតចាប់ពីថ្ងៃទី១៥ខែធ្នូ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនគិតថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ។ ក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវបានជាមួយមន្ត្រីសុរិយោដីដែលនៅប្រចាំការនៅទីនេះរយៈពេល១៥ថ្ងៃ។
បន្ថែមពីនេះ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខេត្តកណ្តាល បានលើកឡើងផងដែរថា៖ បើទោះបីក្រុមការងារវាស់ចុះបញ្ជី សម្រង់ទិន្នន័យយ៉ាងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅតែមានចន្លោះប្រហោង ត្រង់ថាពេលវាយបញ្ចូលទិន្នន័យលេខក្បាលដី ឬឈ្មោះ ចូលក្នុងកុំព្យូទ័រ ក៏នៅតែមានកំហុសឆ្គងមួយ ឬពីរដែរ ទើបតម្រូវឲ្យគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវស័យរដ្ឋបាលដីធ្លីខេត្ត ក៏ដូចជាគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីស្រុក ធ្វើការបិទផ្សាយទិនិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីប្រជាពលរដ្ឋមកត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ដែលមានរយៈពេល១៥ថ្ងៃ ក្នុងករណីឃើញថា ត្រឹមត្រូវហើយសាម៉ីខ្លួនត្រូវផ្ដិតមេដៃទទួលស្គាល់ តែបើឃើញមិនត្រឹមត្រូវ សាម៉ីខ្លួនអាចដាក់ពាក្យជាមួយមន្ត្រីជំនាញ ដើម្បីស្នើសុំធ្វើការកែតម្រូវឡើងវិញ។
ក្នុងឱកាសនោះដែរ៖ លោក សន ហុងសេង អភិបាលរងស្រុកកៀនស្វាយ បានអំពាវនាវដល់ប្រជាពលរដ្ឋពេលត្រឡប់ទៅវិញ សូមជួយផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋដើម្បីមកពិនិត្យ ធ្វើការផ្ទៀងផ្ទាត់អោយបានគ្រប់ៗគ្នានូវឈ្មោះ និងប្រភេទទ្រព្យជាដើម។
លោកអភិបាលរងស្រុកបានបញ្ជាក់ថា៖ ការបិទផ្សាយនូវទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកកៀនស្វាយ នាពេលនេះគឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយដែលប្រុងនឹងកើតឡើង។ ការចុះបញ្ជីដីធ្លី មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី និងបានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ហើយទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ៕





