កុមារ និងក្រុមគ្រួសារគោលដៅ នៅស្រុកចិត្របុរី ទទួលសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងកញ្ចប់បំណិនជីវិតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ចេញផ្សាយថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥
ក្រចេះ៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចំនួន ៥០នាក់ (ស្រី២៦នាក់)។
ក្រុមការងារទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ-ក្បឿង អាជ្ញាធរស្រុក ភូមិ-ឃុំ អង្គការដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្ម អាណាព្យាបាល និងកុមារា-កុមារី សរុបប្រមាណ ១៥០នាក់ បានចូលរួមក្នុងពិធីដែលបានរៀបចំធ្វើឡើង នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវ ស៊ើង សរសុចិត្តា បានលើកឡើងថា “ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត”។ ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាអាទិភាពដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នា និងទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។
លោកជំទាវអំពាវនាវ ឱ្យបន្តតាមដានវាយតម្លៃអំពីវឌ្ឍនភាព នៃការអប់រំកុមារ ដើម្បីកំណត់ភាពគង់វង្ស នៃការសិក្សារបស់កុមារ ជំរុញការសហការជាមួយគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិ/ឃុំគំរូមួយគ្មានពលកម្មកុមារ និងនិរន្តរភាព នៃវិស័យណាមួយគ្មានពលកម្មកុមារនៅក្នុងស្រុកមួយចំនួន។
ទន្ទឹមនឹងនេះ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវរដ្ឋលេខាធិការ ក៏អំពាវនាវឲ្យមានការចូលរួមតាមជំនាញ និងជំរុញការផ្សព្វផ្សាយទៅគ្រប់វេទិកាសាធារណៈ និងក្នុងកម្មវិធីនានានៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារផងដែរ៕








