ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ទិន្នន័យដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តទាំង ៤ នៅក្នុងភូមិភាគឦសាន»
ចេញផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការគ្រប់គ្រងទិន្នន័យ និង ព័ត៌មានវិនិយោគ, និង ការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច សម្រាប់ជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៃភូមិភាគឦសាន ឱ្យមានការរីកលូតលាស់បន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងគោលដៅជំរុញ និង ថែទាំវិនិយោគឯកជនក្នុងតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំងបួន នៃភូមិភាគឦសាន ដើម្បីពង្រឹងយន្តការសម្របសម្រួល, គ្រប់គ្រងព័ត៌មាន/ទិន្នន័យវិនិយោគ និង គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ឱ្យមានភាពស៊ីចង្វាក់គ្នា រវាងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងអភិក្រមនៃ “ជវភាពប្រព័ន្ធតួអង្គតែមួយ” ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និង កង្វល់របស់វិស័យឯកជន ពាក់ព័ន្ធនឹងការស្វែងរក និង ការទទួលបាននូវព័ត៌មាន/ទិន្នន័យដីធ្លីសម្រាប់ការវិនិយោគ ដែលមានលក្ខណៈរហ័ស ច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ដែលជាធាតុចូលដ៏សំខាន់ សម្រាប់ការសម្រេចចិត្តវិនិយោគ និង អាជីវកម្ម ។ លើសពីនេះ, ការពង្រឹងយន្តការសម្របសម្រួលព័ត៌មាន នឹងពង្រឹងសហថាមពលនៃការប្រមូលផ្តុំឧស្សាហកម្ម ដែលផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និង ផ្គត់ផ្គត់ ស្របតាមសក្តានុពលសេដ្ឋកិច្ចនៃតំបន់ភូមិភាគឦសាន ។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីតួនាទីស្នូលរបស់ ក.វ.ឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីផ្តល់ការសម្របសម្រួលជាកញ្ចប់ នូវព័ត៌មានវិនិយោគ, ការសម្រួលនីតិវិធីពាក់ព័ន្ធ, និង ការដោះស្រាយបញ្ហាប្រឈមនានានៃការវិនិយោគឯកជន ប្រកបដោយប្រសិទ្ធភាព សំដៅផ្តល់ភាពកក់ក្តៅ និង ទំនុកចិត្តខ្ពស់ ដល់វិនិយោគិន/ក្រុមហ៊ុនវិនិយោគ ឱ្យមកបណ្តាក់ទុនវិនិយោគ នៅភូមិភាគឦសាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើរដ្ឋបាលខេត្តទាំងបួន ឱ្យបន្តយកចិត្តទុកដាក់ពិនិត្យលើកិច្ចការសម្បទានដីសេដ្ឋកិច្ច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយសម្បទានិកដែលបានអនុវត្តការងាររបស់ខ្លួនហើយ ត្រូវបន្តជំរុញទៅមុខបន្ថែមទៀត, ហើយសម្បទានិកដែលបានអវិភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចបានតិចតួច ឬ មិនទាន់បានអនុវត្តការងារសោះ ត្រូវជំរុញឱ្យអនុវត្តការងារឱ្យបានសកម្មផុលផុស ដើម្បីធានាឱ្យបានថា ធនធានដែលមាន ត្រូវបានប្រើប្រាស់អស់សក្តានុពល និង មានផលិតភាពសេដ្ឋកិច្ចខ្ពស់ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំងបួន ឱ្យពង្រឹងកិច្ចសហការល្អ ក្នុងការរៀបចំ និង ការគ្រប់គ្រងប្រព័ន្ធទិន្នន័យវិនិយោគ និង ការចែករំលែកព័ត៌មាន ក្រោមការសម្របសម្រួលរួមរបស់ ក.វ.ឦសាន សំដៅរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ដោយគិតគូរអំពីផលប្រយោជន៍សង្គម-សេដ្ឋកិច្ចជាតិ, ជាពិសេស ត្រូវធានាឱ្យបានថា វិនិយោគិននឹងទទួលបាននូវការគាំទ្រវិនិយោគ ឬ ធុរកិច្ច បានយ៉ាងពេញលេញ និង ទាន់ពេលវេលា និង អាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកាលានុវត្តភាពសេដ្ឋកិច្ចដ៏ធំធេង នៃភូមិភាគឦសាន ៕


.jpg)




