ឱកាសក្នុងការទទួលបាននូវការងារល្អ សម្រាប់អ្នកស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញផ្សាយថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥
សៀមរាប៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងពីសារៈសំខាន់នៃការរៀបចំពិព័រណ៍នៅថ្ងៃនេះ គឺបាននាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមនេះផ្ទាល់តែម្តង «ដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ»។
នៅចំពោះមុខអ្នកចូលរួមប្រមាណ១,០០០នាក់ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងអំពីអត្ថប្រយោជន៍ដែលបងប្អូនធ្វើការក្នុងស្រុក គឺទទួលបានប័ណ្ណ ប.ស.ស. អាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មានប្រាក់សោធនពេលធ្វើការដល់អាយុ ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសុភមង្គលទៀតផង។
សូមបញ្ជាក់ថា មានតម្រូវការការងារចំនួន ១២,៦៧២កន្លែង ដែលនាំយកមកបង្ហាញដោយក្រុមហ៊ុនចំនួន២១ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ ជាមួយនឹងការផ្តល់នូវព័ត៌មាននានាស្តីពីអត្ថប្រយោជន៍នៃ ប.ស.ស. និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ៕









