រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ ដើម្បីបន្តផ្តល់សេវាថែទាំវិនិយោគ
ចេញផ្សាយថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥
នាថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង រដ្ឋបាល ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យគម្រោងវិនិយោគ ចំនួន ៥ រួមមាន : ១) គម្រោងរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និង រឡូស្សែកាបឈើ របស់ក្រុមហ៊ុន EMPIRE ELECTRICAL CABLE CO., LTD., ២) គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម របស់ក្រុមហ៊ុន CAMBODIA KUNA NEW ENERGY CO., LTD, ៣) គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងកៅអី ក្តាររំអិល របស់ក្រុមហ៊ុន BO KANG INDUSTRY (CAMBODIA) CO., LTD, ៤) គម្រោងរោងចក្រកែច្នៃដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន HAULE STEEL និង ៥) គម្រោងរោងចក្រផលិតបំពង់ទីបដែករបស់ក្រុមហ៊ុន DEEP OIL FIELD CAMBODIA CO., LTD ក្នុងក្រុងព្រះសីហនុ, ក្រុងកំពង់សោម និង ស្រុកព្រៃនប់ ។ គម្រោងទាំង ៥ នេះ ជាគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១៣៨ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ចំនួន ១ ០៧០ កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និង ជំរុញការអនុវត្តគម្រោង និង ស្តាប់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង សំណូមពរ និង បញ្ហា ប្រឈមនានាពីវិនិយោគិនដោយផ្ទាល់ ព្រមទាំងពិនិត្យលទ្ធភាពដោះស្រាយ ឬ ជួយសម្របសម្រួល តាមការជាក់ស្តែង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថា ការចុះពិនិត្យនេះ ក៏ធ្វើឡើងក្នុងគោលបំណងពិនិត្យ និង ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើន ការផ្ទេរជំនាញ និង បច្ចេកវិទ្យាឱ្យបានទូលំទូលាយ និង ការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រក្នុងខេត្តព្រះសីហនុ ។
ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការចុះពិនិត្យនេះ គឺជាភារកិច្ចដែលក្រុមការងារត្រូវបំពេញ ហើយកំពុងបន្តអនុវត្តជាប់ជាប្រចាំ ក្នុងការផ្តល់សេវាថែទាំវិនិយោគ ស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានកិច្ចសហការ និង ការយកចិត្តទុកដាក់ខ្ពស់ផងដែរ ពីរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ទំនុកចិត្ត និង លើកកម្ពស់បរិយាកាសវិនិយោគ ។ សកម្មភាពនៃការផ្តល់សេវាថែទាំវិនិយោគ គឺនៅតែជាអាទិភាពខ្ពស់របស់ក្រុមការងារ ដែលត្រូវបំពេញ ក្នុងឆ្នាំខាងមុខទៀត ។
ជារួម, ក្រុមការងារពិនិត្យឃើញថា ក្រុមហ៊ុនបាន និង កំពុងបន្តការវិនិយោគដោយសកម្មជាធម្មតា ហើយកំពុងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ដើម្បីបម្រើដល់ច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ។ ក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលមានការជឿជាក់ក្នុងការវិនិយោគនៅកម្ពុជា, បានធ្វើការបណ្តុះបណ្តាល ជំនាញ ជូនពលករខ្មែរ, និង បានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនខិតខំឱ្យសកម្ម ក្នុងការអនុវត្តគម្រោង និង បន្តពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត ដោយប្រើប្រាស់វត្ថុធាតុដើម និង កម្លាំងពលកម្មក្នុងស្រុក ។
ផ្អែកតាមនេះ, តំណាងក្រុមហ៊ុនទាំង ៥ បានថ្លែងអំណរគុណ និង សម្តែងនូវការពេញចិត្ត ចំពោះថ្នាក់ដឹកនាំ និង ក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ និង ផ្តល់នូវការសម្របសម្រួលផ្សេងៗ រួមទាំងការលើកទឹកចិត្តនានា ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែល និង បន្ថែមវិធានការចំនួន ៤ ទៀត រួមមាន : ១) សម្របសម្រួល និង ជំរុញការវិនិយោគក្នុងស្រុក, ២) សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣) ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤) ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ ។
ជាមួយនេះ, ក្រុមការងារ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន មតិ ឬ សំណូមពរផ្សេងៗ តាមការជាក់ស្តែង ដើម្បីក្រុមការងារស្វែងយល់ និង ស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ ៕











