មន្ត្រីជាន់ខ្ពស់ក្រសួងការងារលើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធី SSEAYP ឱ្យប្រើចំណេះដឹងនិងសីលធម៌ ជួយលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ
ចេញផ្សាយថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារទី១៣ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ចំនួន ១៨រូប លើកទី៤៩ រយៈពេល ៣៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលនឹងធ្វើដំណើរតាមនាវា Nippon Maru ចេញពីទីក្រុងតូក្យូ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី និងថៃ ដើម្បីជជែកពិភាក្សាលើប្រធានបទសកលសំខាន់ៗដូចជា៖ ការទូតយុវជន បរិស្ថាន សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)។
ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ឱ្យចេះប្រើប្រាស់«ឱកាសមាស»នេះ ដើម្បីបង្ហាញពីសមត្ថភាព និងមោទនភាពជាតិ ក៏ដូចជាកសាងបណ្តាញទំនាក់ទំនងជាមួយយុវជន និងជនបរទេសក្នុងតំបន់ឱ្យបានល្អប្រសើរថែមទៀត។ លោកជំទាវក៏បានសង្កត់ធ្ងន់ដែរថា ក្រោមម្លប់នៃសន្តិភាព យុវជនកម្ពុជាមានឱកាសពេញលេញក្នុងការទទួលបានការអប់រំ និងជំនាញ រហូតមានសមត្ថភាពអាចឈរនៅលើឆាកអន្តរជាតិ ហើយអាចជួយផ្សព្វផ្សាយពីតថភាពពិត ការអភិវឌ្ឍ ក៏ដូចជាឱកាសវិនិយោគដ៏ច្រើននៅកម្ពុជា ទៅដល់អ្នកវិនិយោគនិងមិត្តភក្តិបរទេសផងដែរ។
ជាមួយគ្នានោះ លោកជំទាវក៍បានចែករំលែកពីបេសកកម្មរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបាននិងកំពុងខិតខំចូលរួមសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសការផ្តល់នូវការការពារសិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត របបសន្តិសុខសង្គម ការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋ រួមទាំងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ និង ប្រព័ន្ធទូរសព្ទ Hotline ១២៩៧ ដើម្បីផ្តល់សេវាជួយរកការងារឱ្យធ្វើ និងជួយចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវ:។
នាឱកាសនោះ លោកជំទាវបានបង្ហាញក្តីសង្ឃឹមថាប្អូនៗទាំងអស់គ្នា នឹងទទួលបានជោគជ័យក្នុងដំណើរការនៃកម្មវិធីនេះ ដើម្បីបង្កើនពុទ្ធិ ក្រេបយកចំណេះដឹង និងបទពិសោធបន្ថែមពីកម្មវិធី និងប្រតិភូយុវជនពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ព្រមទាំងពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធវិលត្រឡប់មកចែករំលែកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រើប្រាស់សម្រាប់បម្រើការងារ និងមុខរបររៀងខ្លួននៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕












