ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព, ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអនាគតរបស់បងប្អូន តាមរយៈការបង្កើតឱកាសមុខរបរ, ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ
ចេញផ្សាយថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះទទួលយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skill Voucher) ក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់យកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាសសរស្ដម្ភមួយយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិងកំពុងបង្កើតការងារប្រមាណជាង ៨៥% សម្រាប់ប្រជាពលរដ្ឋខ្មែរ។
ក្នុងពិធីយ៉ាងអធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍, ឯកឧត្តម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្ដមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គសិក្ខាសាលា ប្រមាណជាង ២,០០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងបន្តថា រាជរដ្ឋាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព, ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ និងប្រកបដោយសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអនាគតរបស់បងប្អូន តាមរយៈការបង្កើតឱកាសមុខរបរ, ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។
ជាមួយគ្នានេះ ដើម្បីអាចផ្ដល់ឧត្ដមប្រយោជន៍ជាអតិបរមាជូនដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ និងបានផ្តល់អាទិភាពលើការកសាងមូលដ្ឋានទិន្នន័យនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដែលជាចំណុចគន្លឹះសម្រាប់ការវិភាគ និងជាមូលដ្ឋានសម្រាប់ការរៀបចំយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងនោះរាជរដ្ឋាភិបាល បានបង្កើត និងដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតបង់ថ្លៃ និងដោយស្ម័គ្រចិត្ត និងការចុះឈ្មោះដោយផ្អែកលើព័ត៌មាន តាមរយៈការធ្វើស្វ័យប្រកាស ដែលមានទម្រង់សាមញ្ញ ងាយស្រួល និងចំណេញពេលវេលា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍, លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំង២៤, មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ, កម្លាំងចិត្ត, ប្រាជ្ញា ស្មារតី, និងពេលវេលា, ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការជំរុញការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី មានជឿជាក់យ៉ាងមុតមាំថា ការរួមចំណែករបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យនានា នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅក្នុងទីផ្សារការងារលើគ្រប់វិស័យ ប្រកបដោយស័ក្តិសិទ្ធិភាព, ប្រសិទ្ធភាព និងចីរភាព ជាពិសេសដើម្បីធានាឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែមានលទ្ធភាព, កាន់តែធំធាត់រីកចម្រើន និងកាន់តែមានសក្តានុពល ដើម្បីចូលរួមចំណែកឱ្យបានពេញលេញ ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល។
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦








