រដ្ឋមន្រ្តីសុខាភិបាល៖ «សមិទ្ធផលថ្មីបន្ថែម នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្រ្តីសុខាភិបាល៖ «សមិទ្ធផលថ្មីបន្ថែម នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ

 រដ្ឋមន្រ្តីសុខាភិបាល៖ «សមិទ្ធផលថ្មីបន្ថែម នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះនាថ្ងៃនេះ នឹងចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យទាំងមូលកាន់តែមានភាពរឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ។»

ចេញផ្សាយថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦



បន្ទាយមានជ័យ៖ រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦  ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។



ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ  ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ដែលជាពេលវេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុត ដែលអ្នកទាំងអស់គ្នានៅទីនេះ បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ។


ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល មន្រ្តីសុខាភិបាលទូទាំងខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ ព្រមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្ត ដូចខាងក្រោម៖

១) អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាព បន្តជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រទៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដើម្បីធានាសុខាភិបាលខេត្តទៅថ្ងៃអនាគតកាន់តែមានភាពធន់ និងរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារបម្រើសេវាជូនប្រជាជន។

២) ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវបន្តការងារប្រចាំថ្ងៃប្រកបដោយបុរេសកម្ម សកម្ម និងប្រតិកម្មក្នុងករណីចាំបាច់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍  ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាឱ្យបាននូវគុណតម្លៃរបស់គ្រូពេទ្យទោះក្នុងកាលៈទេសៈណាក៏ដោយ។ 

៣) ក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបដិសណ្ឋារកិច្ចអ្នកជំងឺ ដោយត្រូវធានាបាននូវសុវត្ថិភាពរបស់អ្នកជំងឺ។

៤) ក្រុមគ្រូពេទ្យទាំងអស់ត្រូវសហការ សាមគ្គី បង្កើនសមត្ថភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ រួមទាំងការអភិវឌ្ឍសមត្ថភាពជំនាញជាប្រចាំ។

៥) ត្រូវបន្តចូលរួមការងារប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លង បញ្ហាសុខភាពសាធារណៈ ការថែទាំសុខភាពបឋម និងការងារអប់រំសុខភាព។

៦) ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលទាំងអស់ ត្រូវចូលរួមថែរក្សាសមិទ្ធផលជាអគារ និងសម្ភារៈបរិក្ខារ មធ្យោបាយទាំងអស់ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជន។



ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍ បម្រើសុខភាពសាធារណៈ ជូនប្រជាជនប្រកបដោយសីលធម៌ សុជីវធម៌ ក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយស្នាមញញឹម និងខិតខំរៀបចំកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរ មានសុវត្ថិភាព ប្រសិទ្ធភាព និងប្រជាជនងាយរងហានិភ័យ ប្រជាជនភៀសសឹក ប្រកបដោយសមធម៌។


អគារពិនិត្យពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣១៧,៦៨០ដុល្លារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៥ និងការបំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ចំណាយថវិកាសរុបចំនួន ៦២,៧០០ដុល្លារ ជាជំនួយសមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ប័ណ្ណសរសើរដល់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលជាប់ព្រំដែនកម្ពុជា-ថៃ ទាំង៧ខេត្ត និងខេត្តសៀមរាប ដែលបានលះបង់ខ្ពស់ ក្នុងការជួយសង្រ្គោះព្យាបាល និងថែទាំសុខភាពជូនវីរកងទ័ព និងប្រជាជនភៀសសឹក ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់លើការរក្សាអនាម័យ ការទប់ស្កាត់ និងការឆ្លើយតបតប ចំពោះជំងឺ និងជំងឺមិនឆ្លងនានា ក្នុងគោលដៅសង្រ្គោះជីវិត និងលើកកម្ពស់សុខុមាលភាពជូនវីរកងទ័ព និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីបញ្ហាសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ។


ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកប្រធានតំបន់អាស៊ីរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស។








Previous Post Next Post