រដ្ឋមន្រ្តីសុខាភិបាល៖ «ខ្ញុំជឿជាក់ថា គម្រោងជំនួយអគារដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃ ក្តីសង្ឃឹម ក្តីមេត្តា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែល ជីវិតកុមារជាច្រើននឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្សជាច្រើននឹងត្រូវបានបង្កើតឡើង។ »
ចេញផ្សាយថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម គីម ឆាងយ៉ុង (H.E. Kim Chang-Yong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ។
អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងសមធម៌ សំដៅធ្វើឱ្យសុខភាពកុមារ ប្រកបដោយសុខភាព និងសុខុមាលភាព។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាតិ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកក្នុងការអនុវត្ត ៖
១) ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ
២) ការអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ
៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល៖ ត្រូវខិតខំថែទាំអគារ និងបរិក្ខារថ្មីទើបសាងសង់រួចឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើប្រយោជន៍សាធារណៈជនិរន្តរភាព។ ត្រូវរក្សាបរិស្ថានមន្ទីរពេទ្យឱ្យមានអនាម័យ ខ្ពស់ និងផាសុកភាព ព្រោះវាជាកត្តាជួយដល់ការឆាប់ជាសះស្បើយរបស់អ្នកជំងឺ។
៤) គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។
៥) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវអនុវត្តស្របទៅតាមច្បាប់ និងមានការចុះបញ្ជិកាត្រឹមត្រូវ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងនូវការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទាន បន្ថែមគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគត ជាក់ស្តែងការអភិវឌ្ឍធនធានមនុស្ស ការជួយពង្រឹង គុណភាពសេវា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស និងសូមជូនពរចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
អគារមន្ទីរពេទ្យបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ មាន ៥ជាន់ (រាប់ទាំងជាន់ក្រោមដី) គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េ តាមជាន់នីមួយៗ មានបែងចែកមុខងារដូចខាងក្រោម៖
-ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិកនៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ។
-ជាន់ទី១៖ ផ្នែកស្ដារតាលទ្ធភាពពលកម្ម (Rehabilitation) ផ្នែកលាងឈាម (Artificial kidney) និងជំងឺតម្រង់នោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ បំពងករ។
-ជាន់ទី២៖ ផ្នែកជំងឺមហារីកុមារ (Oncology) មាន ៣២ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ និងផ្នែកជំងឺលោហិតសាស្ត្រ និងប្រព័ន្ធការពារមាន ៣០គ្រែ។
-ជាន់ទី៣៖ ផ្នែកជំងឺប្រដាប់រំលាយអាហារ (Gastrology) មាន ៣៤ គ្រែ និងផ្នែកកង្វះអាហារូបត្ថម្ភមាន ៣០គ្រែ។
-ជាន់ទី៤៖ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ (Pneumology 1) មាន ៣៤ គ្រែ និងផ្នែកជំងឺផ្លូវដង្ហើមទីទី២ (Pneumology 2) មាន ២៨ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ ។


.jpg)

.jpg)
.jpg)


