សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ស្ពឺ
ចេញផ្សាយថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន៩៦២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោមដំបូលសុខសន្តិភាព ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងវិនិយោគ ដោយមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និងផលិតកម្មសត្វជាដើម។ ទាក់ទងវិស័យឧស្សាហកម្មកាលពីឆ្នាំ២០២៥កន្លងទៅគឺទទួលបានគម្រោងវិនិយោគក្រោម៥លានដុល្លារចំនួន ១២៦គម្រោង ហើយគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោងវិនិយោគក្រោម៥លានដុល្លារ ចំនួន៣៥គម្រោងបន្ថែមទៀត។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ស្ពឺនេះសាជាថ្មី។ សម្តេចបន្តថា កំពង់ស្ពឺគឺជាខេត្តទី៣ហើយ ដែលសម្ដេចបានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការ។
ពីខេត្តកំពង់ស្ពឺ នៅថ្ងៃនេះសម្ដេចតេជោបានប្រកាសសាងសង់អគារសាលប្រជុំដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បម្រើដល់ការប្រជុំផ្សេងៗ ដែលនឹងត្រូវសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោបានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែលនាំឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោក៏បានគាំទ្រចំពោះការដាក់ចេញនូវវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីចំពោះវិធានការយកក្មេងទំនើងទៅបម្រើការងារជីកលេណដ្ឋាននៅតាមព្រំដែន ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសាគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។
សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។
សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕















