ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

 ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦



 
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្នភាពព័ត៌មានសំខាន់ៗ​ពីរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំ ​ក្នុងការ​ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន​​៖

ទី១៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បាន​បញ្ជាក់ច្បាស់ជាថ្មីទៀតថា កម្ពុជាមិនដែលឈ្លានពាន ឬគំរាមកំហែងប្រទេសណាឡើយ ទោះជាប្រទេសនោះខ្លាំង ឬខ្សោយក៏ដោយ។ ការបញ្ជាក់បែបនេះ បានធ្វើឡើង​នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាស​អញ្ជើញពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈ​យោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជា​មួយ​កម្មករ កម្មការិនីជាង ២០០នាក់ ដែលកំពុងបម្រើ​ការនៅទីនោះ ក៏ដូចជាការឆ្លើយតបទៅនឹងព័ត៌មានដែលបានចុះផ្សាយពាក់ព័ន្ធនឹងវិស័យការពារជាតិរបស់កម្ពុជា។
 
សម្ដេចតេជោ បានបញ្ជាក់ថា ការផលិតសម្ភារៈយោធារបស់កម្ពុជា គឺដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់កងកម្លាំង​កម្ពុជាជំនួសឱ្យ​សម្ភារៈ​ដែលនាំចូលពីបរទេស រីឯការពង្រឹងវិស័យការពារជាតិ គឺជាសិទ្ធិអធិបតេយ្យរបស់ប្រទេសនីមួយៗ ហើយកម្ពុជាមិនដែលជំទាស់នឹងប្រទេស​ណាឡើយ។ សម្តេច​ប្រមុខរដ្ឋស្តីទី​ ក៏បានបញ្ជាក់ច្បាស់ថា កម្ពុជាមិនដែលបានបញ្ជូនកងទ័ពរបស់ខ្លួន​ចេញផុតពីព្រំដែនទេ លើកលែងតែបេសកកម្មចូលរួមថែរក្សាសន្តិភាព​ក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ រីឯការផលិតត្រឹមសម្ភារៈយោធា មិនលំបាកសម្រាប់​កូនខ្មែរជំនាន់​​នេះទេ ខណៈដែលដូនតាខ្មែរធ្លាប់កសាងបាន​រហូតដល់ប្រាសាទអង្គរវត្តកាលពីអតីតកាល​​។
 
សម្តេចតេជោ បានបញ្ជាក់ជាថ្មីនូវជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់​កម្ពុជា ដោយ​ដាច់ខាតមិនបំពានលើប្រទេសណាឡើយ ក៏ប៉ុន្តែ កម្ពុជាគ្រាន់តែប្រើសិទ្ធិស្របច្បាប់ដើម្បីការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងករណីមានការរំលោភបំពាន។ ឆ្លៀតឱកាសនេះ សម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ក្នុងការនាំសាច់បង្កកពីប្រទេសថៃចូលមកប្រទេសកម្ពុជា ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដោយមិនលើកលែង។
 
ទី២៖ ក្នុងសុន្ទរកថាគន្លឹះ ថ្លែងក្នុង «វេទិកាអនាគតរបស់អាស៊ានលើកទី៣» នៅទីក្រុងហា​ណូយនៅថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិត្រូវបានគោរព។ ការណ៍នេះនឹងឈានទៅស្តារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្តិភាពយូរអង្វែង ​និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូព្រមទាំងអាចស្តារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ។
 
សម្តេចធិបតីនាយករដ្ឋមន្ត្រី ​ក៏បានបញ្ជាក់ថា សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សារដោយបង្ខំ ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះ​ស្រាយយុត្តិធម៌ និងយូរអង្វែងដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃច្បាប់អន្តរជាតិ។ សម្តេចធិបតី បញ្ជាក់ថា កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
 
ទី៣៖ ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ និង១៣ ខែមិថុនា ឆ្នាំ២០២៦នេះ បន្តនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ​រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងព័ត៌មានស្តីពីការបណ្តុះ​បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ​ជូន​អតីតពលករ យុវជន​ និងពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តសៀមរាប តាមរយៈវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកានេះ រៀបចំធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ (ថ្ងៃទី១២ ខែមិថុនា) និងនៅក្នុងបរិវេណសាលាស្រុកជីក្រែង (ថ្ងៃទី១៣ ខែមិថុនា) ដែលអនុញ្ញាតឱ្យយុវជន ប្រជាពលរដ្ឋ និង​អតីតពលករដែលត្រូវការការងារអាចសួរនាំព័ត៌មានផ្សេងៗ និងដាក់ពាក្យ​ហើយទទួល​ការ​សម្ភាសន៍ភ្លាមៗ​ពីតំណាងក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម ក្នុងវិស័យឧស្សាហកម្ម សំណង់ សេវាកម្ម កសិកម្ម និងកសិឧស្សាហកម្ម។

បន្ថែមពីលើនេះ ក៏មានការផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលមានរបបថែទាំសុខភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធន។ លើសពីនេះ ឱកាសនៃការបណ្ដុះ​បណ្ដាលជំនាញវិជ្ជាជីវៈ ទាំង១០វិស័យ និង៤៥ជំនាញ ដែលសុទ្ធសឹងតែជាជំនាញងាយរក​ការងារក្នុងទីផ្សារ ក៏មានបង្ហាញជូន ហើយអ្នកចូលរួមអាចចុះឈ្មោះដោយឥតគិតថ្លៃ និងអាចសិក្សានៅតាមសាលាទូទាំងប្រទេសដែលមានចំនួន ៣៧ទីតាំង។ សូមបញ្ចាក់ជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានរៀបចំវេទិកាបែបនេះ​ចំនួន ៦១២លើកមកហើយ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ​ឆ្នាំ២០២៦នេះ ដើម្បីជួយដល់ពលរដ្ឋដែលត្រូវការការងារ ជាពិសេសអតីតពលករមកពីប្រទេសថៃ៕
Previous Post Next Post