ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

 ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

ចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦




ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូននូវព័ត៌មានសំខាន់ៗ ដែលមានដូចតទៅ៖

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃនេះថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជំនួសវិញ។ សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ក៏ប៉ុន្តែ មិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញបំផុតដោយមិនស្តាយជីវិត។

សម្តេចធិបតីបានសង្កត់ធ្ងន់ទៀតថា ការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រ គឺជាការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានភាគីអន្តរជាតិជួយសម្របសម្រួល។ ដែនសមុទ្រក៏រាជរដ្ឋាភិបាលការពារ រីឯដែនគោកក៏ការពារ ដោយមិនដែលធ្វេសប្រហែសមួយវិនាទីណាឡើយ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយសម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋ មានជំនឿលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ ហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ និងក្នុងខណៈដែលគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS កំពុងបន្តកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅឯប្រទេសសិង្ហបុរី។

ទី២. រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋានពីសំណាក់មន្ត្រីអាជ្ញាធថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។ កម្ពុជាចាត់ទុកការលើកឡើងទាំងនេះ ថាគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីការបំផ្លិចបំផ្លាញប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។

ក្នុងនាមជាប្រទេសមួយដែលមានអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រសម្បូរបែប និងជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ និងពិធីសារទាំងពីររបស់អនុសញ្ញានេះ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ កម្ពុជាប្រកាន់ជំហរដាច់ខាតប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយគ្រប់ទីតាំងបេតិកភណ្ឌទាំងអស់នៅទូទាំងប្រទេស ទទួលបានអាទិភាពខ្ពស់ក្នុងការអភិរក្ស លើកតម្លៃ ការស្រាវជ្រាវ អប់រំ សកម្មភាពសាសនា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជាមិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌវប្បធម៌ឡើយ និងក៏ពុំមានទីតាំងបេតិកភណ្ឌវប្បធម៌ណាមួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ។

ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយរួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅប្រហែល៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ) និងតំបន់បុរាណវិទ្យាមួយចំនួនផ្សេងទៀត។ មកទល់ពេលនេះ ទីតាំងបេតិកភណ្ឌមួយចំនួនដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបានអាជ្ញាធរថៃកាន់កាប់ដោយខុសច្បាប់ និងកំពុងធ្វើឱ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី (Fait accompli) និងការប៉ុនប៉ងបង្កើតក្របខ័ណ្ឌច្បាប់ក្លែងក្លាយ ដើម្បីយកទីតាំងទាំងនោះជាកម្មសិទ្ធិរបស់ខ្លួន។ វត្ថុបុរាណមួយចំនួនក៏ត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នាររបស់កម្ពុជា។ កម្ពុជាប្រឆាំងដាច់ខាតចំពោះគ្រប់ប្រភេទសកម្មភាពជាឯកតោភាគីរបស់ថៃនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយរួមទាំងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី ព្រឹត្តិការណ៍នានា ទាំងទេសចរណ៍និងសាសនាក៏ដូចជាគម្រោងជួសជុលដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងអស់នេះ គឺជាចេតនាពង្រឹងការកាន់កាប់ដែនដីដោយខុសច្បាប់ និងផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ។ ប្រាសាទព្រះវិហារ ទទួលរងនូវសោកនាដកម្មធ្ងន់ធ្ងរពីការបាញ់បំផ្លាញរបស់យោធាថៃ ក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលក្នុងនោះ ៥៦២ទីតាំង ត្រូវបានបំផ្លាញដោយអាវុធធុនធ្ងន់ ដែលធ្វើឱ្យថ្មប្រាសាទ ខ្ទេចរូបរាងជាង ៧ម៉ឺនបំណែក ហើយបានបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ១៦.០០០នាក់ ចេញពីតំបន់បេតិកភណ្ឌ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់អាចត្រលប់ទៅកាន់លំនៅឋានវិញនៅឡើយ។

កម្ពុជាបន្តថ្កោលទោសចំពោះការគ្រប់គ្រង និងចាត់ចែងទីតាំងបេតិកភណ្ឌរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងទាមទារឱ្យភាគីថៃដកទ័ពចេញពីតំបន់បេតិកភណ្ឌ ជាពិសេសកម្លាំងយោធាដែលកំពុងដាក់មូលដ្ឋាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ និងទាមទារឱ្យភាគីថៃប្រគល់មកកម្ពុជាវិញនូវវត្ថុបុរាណ ដែលបានយកចេញពីប្រាសាទខ្នារទៅកាន់ប្រទេសថៃកន្លងមកនេះ។ កម្ពុជាទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការប្រើប្រាស់កម្លាំង បញ្ឈប់សកម្មភាព Fait accompli ដើម្បីកាន់កាប់ដែនដីកម្ពុជាជាអចិន្ត្រៃយ៍។ កម្ពុជាស្នើភាគីថៃងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការគណៈកម្មការ JBC៕
Previous Post Next Post