សេចក្តីប្រកាសព័ត៌មានរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”
ចេញផ្សាយថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥
នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”។ ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២៥០ នាក់។
អនុស្សរណៈយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យ ធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងនេះជា ២ ដំណាក់កាល ដែលដំណាក់កាលទី១ នឹងអនុវត្តជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា និងដំណាក់កាលទី២ នឹងអនុវត្តជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងទៀតតាមការស្ម័គ្រចិត្ត។
កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរក្នុងការសហការគ្នា ១/- ទប់ស្កាត់បទល្មើសឆបោក ដោយបន្លំអត្តសញ្ញាណ និង ២/- ជំរុញការធ្វើបរិវត្តកម្មនិងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យធនាគារ និងវិស័យទូរគមនាគមន៍ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា “គំនិតផ្តួចផ្តើមនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក្នុងការគ្រប់គ្រងអត្តសញ្ញាណអតិថិជន បានកាន់តែប្រសើរជាងមុន។ ខ្ញុំមានក្តីសង្ឃឹម យ៉ាងមុតមាំថា បន្ទាប់ពីដាក់ចេញនូវយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់ខាងលើនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកអត្តសញ្ញាណជនខិលខូចនៅពេលដែលមានករណីបន្លំឆបោកកើតឡើង ហើយជាមួយគ្នានេះក៏បានជួយពង្រឹងភាពជឿទុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព”។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា “ការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះគឺបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់អំពើឆបោកតាមរយៈការបន្លំអត្តសញ្ញាណ។ ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មានអ្នកទទួលខុសត្រូវច្បាស់លាស់ គឺជារឿងចាំបាច់ តែយើងត្រូវធ្វើដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុតទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលបានចូលរួម។ កិច្ចការនេះ ត្រូវការពេលវេលាយ៉ាងតិច ៦ខែ មុខនឹងឈានទៅដល់ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ។ ក្រោយពីកិច្ចការនេះត្រូវបានបញ្ចប់ រាល់ស៊ីមកាតទាំងអស់នឹងមានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ដែលអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ក្នុងករណីមានអំពើឆបោកកើតឡើង និងជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ប្រព័ន្ធឌីជីថល”។








