អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយជូនដល់កងពលតូចអន្តរាគមន៍លេខ៨
ចេញផ្សាយថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរសជន រួមមាន: ថវិកា, អង្ករ, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់ចាំបាច់មួយចំនួន ជូនដល់កងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ ស្ថិតនៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
លោកមេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៨ តំណាងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភ គាំទ្រ ដល់វីរកងទ័ពជួរមុខរបស់យើង ដែលនេះ បញ្ជាក់ឲ្យឃើញពីកាយវិការស្នេហាជាតិដ៏មុត និងការយកចិត្តខ្ពស់អំពីសុខទុក្ខរបស់វីរកងទ័ពយើង ហើយវីរកងទ័ព ក៏សូមគោរពចងចាំនូវកាយវិការមនុស្សធម៌នេះ ដោយសូមប្តេជ្ញាការពារបូរណភាពទឹកដីឲ្យបានគង់វង្ស។
ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ឯកឧត្តម អ៊ុន ចាន់ថា អភិបាលខេត្ត សូមជូនពរឲ្យវីរកងទ័ពដ៏អង់អាចក្លាហានទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៌ ននិងទទួលបានជ័យជំនះ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីចោរឈ្លានពាន។
ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម សូមថ្លែងអរគុណបងប្អូន មិត្តភ័ក្ដិ សប្បុរសជនទាំងអស់ ដែលបានបន្តចូលរួមឧបត្ថម្ភគាំទ្រ និងផ្តល់កម្លាំងចិត្តដល់វរកងទ័ពសមរភូមិមុខរបស់យេីង។
សមរភូមិក្រោយ និងសមរភូមិមុខគឺតែមួយ ខ្មែររួមសាមគ្គីគ្នាគឺខ្មែរខ្លាំង៕






