អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រាច
ចេញផ្សាយថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦
ៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី លក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច។
ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តឧទុម្ពរកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
យោងតាមរបាយការណ៍របស់ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា នៅក្នុងឱកាសនោះ បានធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចំនួនពីរ គឺភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង និងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ដែលមានក្បាលដីសរុបចំនួន ១៤៩ ក្បាលដី ស្មើនឹង ១៤២ គ្រួសារ។
ជាមួយគ្នានោះដែរ ក៏បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ភូមិចំនួនបីបន្ថែមទៀត រួមមាន ភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ភូមិអង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង និងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដែលមានក្បាលដីសរុបចំនួន ៣.៦៧៣ ក្បាលដី ស្មើនឹង ២.៣៤៧ គ្រួសារ៕











