ឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

 ឯកឧត្តម ហេង សួរ នាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពីមុនបងប្អូនរត់រកការងារ តែបច្ចុប្បន្នក្រសួងការងារនាំឱកាសការងារផ្តល់ជូនដល់មូលដ្ឋាន 

ចេញផ្សាយថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៦


ពោធិ៍សាត់៖ រោងចក្រ សគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានបងប្អូនអតីពលករ និងយុវជនរកការងារជាង៨០០នាក់ចូលរួម។  




នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា វេទិកាការងារនេះ គឺជាយុទ្ធនាការរួមមួយដ៏មានប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុងការចុះឈ្មោះសម្ភាសផ្តល់និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិកា។ ជាក់ស្តែង នៅថ្ងៃនេះ ក្រសួងបាននាំយកឱកាសការងារប្រមាណ៤ពាន់កន្លែងសម្រាប់អតីតពលករ និងយុវជនរកការងារ ដែលជាផ្នែកមួយនៃឱកាសការងារក្នុងស្រុកជាង៨ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ម្យ៉ាងទៀត វេទិកានេះក៏ជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងផ្សព្វផ្សាយពី «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់»។


ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជាមួយនឹងឱកាសការងារទាំងនេះ បងប្អូនអាចជ្រើសរើសយកការងារនៅស្រុកក្រគរក៏បាន នៅរាជធានីភ្នំពេញ ឬនៅបណ្តាខេត្តផ្សេងៗក៏បាន ឬនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ក៏បានដែរ។ កាន់តែពិសេសជាងនេះ នៅឆ្នាំ២០២៦នេះ សម្រាប់បងប្អូនដែលមិនទាន់ចង់ចាកចេញពីស្រុកកំណើត គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបញ្ជូនគ្រូបណ្តុះបណ្តាលនិងសម្ភារៈចុះទៅបង្រៀនបងប្អូនដល់មូលដ្ឋានតែម្តង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញអគ្គិសនីជាដើម។ ការផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅលើការបង្កើតសហគ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើងរថយន្ត ហើយនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ នឹងមានការបង្កើតរោងចក្រខ្នាតយក្សមួយទៀតនៅស្រុកក្រគរនេះ។   


ឯកឧត្តមបានបន្តទៀតថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាសការងារសមរម្យ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនថែមទៀតផង ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ ដែលជាអាទិភាពមួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងនៅស្រុកកំណើត និងរួមចំណែកដោយផ្ទាល់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។


ដើម្បីជាមូលដ្ឋានដល់បងប្អូនងាយស្រួលក្នុងការសម្រេចចិត្ត ឯកឧត្តមរដ្ឋមន្ត្រីបានប្រៀបធៀបយ៉ាងស៊ីជម្រៅរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយគូសបញ្ជាក់ថា ការងារនៅថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចមែន ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង រហូតដល់ទទួលរងអំពើហិង្សាផ្សេងៗ ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ ផ្ទុយទៅវិញ ការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អ ដែលក្រៅពីទទួលបានប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែប្រសើរ ក៏ទទួលបាននូវសុភមង្គលគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពី ប.ស.ស. មានដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ។ អត្ថប្រយោជន៍ទាំងនេះ ពិតជាសម្រាលបន្ទុកគ្រួសារបានយ៉ាងច្រើន ព្រោះថាពេលធ្វើការដល់វ័យចូលនិវត្តន៍ បងប្អូននឹងទទួលបានប្រាក់សោធនសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯងផ្ទាល់។


ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET 1.5M) ជាពិសេស សម្រាប់បងប្អូនអតីតពលករដែលមានបទពិសោធស្រាប់ ក៏អាចចូលរួមធ្វើតេស្តសមត្ថភាពក្នុងកម្មវិធីការវាយតម្លៃការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញចំនួន៨មុខក្នុងវិស័យសំណង់ នាពេលឆាប់ៗខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចសាកសួរពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧ ដែលឯកឧត្តមចាត់ទុកថាជាលេខនាំសំណាង និងលេខ ១២៨៦ សម្រាប់ទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕







Previous Post Next Post