អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួនឱ្យអស់លទ្ធភាព សហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន
ចេញផ្សាយថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦
នៅក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួន នៅតាមខណ្ឌឱ្យអស់លទ្ធភាព ពិសេសសហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបាននឹងកំពុងអនុវត្ត សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានទៀត។ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូត និងជាប្រចាំ។ ជឿថា ១ខែឬ២ខែទៀត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាចនឹងអស់ពីរាជធានីភ្នំពេញ។
ឯកឧត្ដមបន្តទៀតថា ខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដោយសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានចូលរួមសហការជាមួយយើង។ គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ។ ត្រូវស៊ើបអង្កេត រកទីតាំង Online Scams។ ដូច្នេះយើងត្រូវប្រើប្រាស់គ្រប់មធ្យោបាយ អោយអស់លទ្ឋភាព ទាំងការផាកពិន័យ និងការដាក់ទោសទណ្ឌទៅលើម្ចាស់ទីតាំងជាដើម ដើម្បីឈានទៅបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីរាជធានីភ្នំពេញ។
បើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យើងបានបង្ក្រាបជាបន្តបន្ទាប់ ដោយគិតពីថ្ងៃទី០៣ កុម្ភៈមកដល់ថ្ងៃទី០៧ មេសានេះ យើងបានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនិងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន១១៦៥នាក់ ក្នុងនោះ យើងបានបញ្ជូនទៅតុលាការចំនួន២២ករណី ស្មើនិង១៤០នាក់ មានខ្មែរចំនួន៥៩នាក់ ដើម្បីដាក់ទោសទៅតាមច្បាប់៕











