ក្រសួងការងារ និងសមាគម TAFTAC ប្តេជ្ញាពង្រឹងភាពជាដៃគូ
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងការងារ និងសមាគម TAFTAC ប្តេជ្ញាពង្រឹងភាពជាដៃគូ

 ក្រសួងការងារ និងសមាគម TAFTAC ប្តេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីបន្តអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា

ចេញផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦



(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគណៈកម្មការប្រតិបត្តិថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារឱ្យកាន់រីកចម្រើនប្រកបដោយសមត្ថភាពប្រកួតប្រជែង និងរក្សាបាននូវទីផ្សារសម្រាប់ការនាំចេញផលិតផលពីកម្ពុជា ដែលបានជួយបង្កើតការងារជូនកម្មករនិយោជិតប្រមាណ ១,២ លាននាក់ និងអ្នកដែលទទួលផលដោយប្រយោលពីវិស័យនេះ ប្រមាណ ៣លាននាក់។


នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងរឹងមាំរបស់សមាគម TAFTAC ដែលបានដំណើរការដោយជោគជ័យជិត៣០ឆ្នាំមកហើយ ដែលរួមចំណែកធ្វើឱ្យវិស័យនេះរីកចម្រើនរហូតមកដល់ពេលនេះ។ 


ជាមួយគ្នានេះ ឯកឧត្តមក៏បានអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨) ដោយឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំថ្មីប្រកបដោយថាមពលនេះនឹងធ្វើឱ្យ TAFTAC កាន់តែមានសាមគ្គីភាពដ៏រឹងមាំ និងការរីកចម្រើន បន្តរួមចំណែកក្នុងការលើកកម្ពស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ 


ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា សមាគម TAFTAC អតីត GMAC គឺជាដៃគូប្រវត្តិសាស្ត្រសហការយ៉ាងជិតស្និទ្ធ ដោះស្រាយរាល់បញ្ហាប្រឈមរួមគ្នា ក្នុងដំណាក់កាលស្ថានភាពមិនមានស្ថិរភាព រហូតដល់ក្លាយទៅជាកិច្ចសហការដែលសុខដុមរមនា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយឯកឧត្តមបានគូសបញ្ជាក់ថា ប្រសិនបើមិនមានវត្តមាន សមាគមទេ នោះវិស័យនេះក៏មិនអាចរីកចម្រើនបានដល់កម្រិតនេះដែរ។ 


ទាំងនេះបានកើតចេញពីការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់រួមគ្នា ការគោរពគ្នាទៅវិញទៅមក ជាពិសេស ក្នុងអំឡុងពេលមានបញ្ហាលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសមាគមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាលើការចរចា ដោយពន្យល់ពីការលើកកម្ពស់លក្ខខណ្ឌការងារល្អ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងតួនាទីសំខាន់របស់កម្មការិនីក្នុងវិស័យនេះជាដើម។


លើសពីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា សមាគម TAFTAC ក៏ជាដៃគូយ៉ាងសំខាន់ និងអាចជឿទុកចិត្តរបស់រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ក្នុងយន្តការចរចាត្រីភាគី បង្កើតវេទិកាសន្ទនា ដែលជួយរក្សា ពង្រីក និងលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារសម្រាប់កម្មករនិយោជិត ព្រមទាំងប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅកម្ពុជា។ ជាក់ស្តែងនាពេលថ្មីៗនេះ សមាគមបានចូលរួមចំណែកដ៏ធំធេង ក្នុងការសម្របសម្រួលជាមួយសមាជិក ក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ សម្រាប់ប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកលនេះ។ 


ជាការឆ្លើយតប លោក Enjoy Ho បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង សួរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជជែកពិភាក្សា ក៏ដូចជាការបន្តការគាំទ្ររហូតមក ដោយលោកបានណែនាំថ្នាក់ដឹកនាំថ្មីក្នុងអាណត្តិរបស់លោក ជាមួយនឹងទិសដៅអាទិភាពការងារសំខាន់ៗរបស់សមាគម។ លោកក៏បានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាកិច្ចសហការកាន់តែជិតស្និទ្ធយូរអង្វែងរវាងសមាគម និងក្រសួងការងារ ដោយសង្កត់ធ្ងន់ថា ក្រសួងការងារគឺនៅតែជាស្នូលដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការរបស់សមាគម។ ទន្ទឹមនឹងនេះទស្សនវិស័យ និងគោលនយោបាយរបស់ក្រសួងការងារគឺពិតមានសារៈសំខាន់ និងរក្សាបាននូវតុល្យភាព ដែលបានគាំទ្រយ៉ាងច្រើនក្នុងការរីកចម្រើនរបស់សមាគម ក៏ដូចអ្នកវិនិយោគ។ 


លោក Enjoy Ho បានបង្ហាញការជឿជាក់លើការដឹកនាំឯកឧត្តមរដ្ឋមន្រ្តី ហើយប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹង និងពង្រីកសហការយ៉ាងស៊ីជំរៅជាមួយគ្នា ដើម្បីបន្តលើកកម្ពស់ស្តង់ដាកម្មករនិយោជិត វិស័យកាត់ដេរ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព៕





Previous Post Next Post