អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ចេញផ្សាយថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams, ការរៀបចំផែនការអនុវត្តបន្ត និងជំរុញការផ្សព្វផ្សាយអំពីច្បាប់ នៃបទល្មើសឆបោកនេះ ជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការអនុវត្តន៍ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៧០ គ.ស ២០២៦ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍នានាទូទាំងខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជំរុញនិងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams, ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅតាមក្រុងស្រុកឃុំសង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ច ដើម្បីបង្ការទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំង ការពារចុះល្បាតតាមទីកន្លែងកំសាន្តនានា និងនៅតាមទីវត្តអារាមក្នុងខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយម្យ៉ាងវិញទៀត គ្រប់គោលដៅតាមបណ្តាអធិការដ្ឋាន នគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេល។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងពីស្ថានភាព នៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ក៏មានការងារធ្វើមានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារ ចុះជួយពង្រឹងគ្រប់ភូមិឃុំ ស្រុក ខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាពសុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស។
នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមក បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការបង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល៕







