ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
អាសយដ្ឋានអង្គភាពសារព័ត៌មាន darastp-tvonline (www.darastp-tvonline.com.kh) មានទីតាំងស្ថិតនៅ ផ្ទះលេខ 9B ផ្លូវ 110BT ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

 ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

ចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦




ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក «សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦» នៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧ ខែកក្កដា ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិតដើម្បីអនាគតកាន់តែត្រចះត្រចង់»។ សម្តេចធិបតីក៏នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន និងក៏ទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនទៀត។

ទស្សនកិច្ចការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រេទេសចិនពេលនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

កាលពីចុងខែមិថុនាកន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីភាពរឹងមាំដ៏យូរអង្វែងនិងមិនប្រែប្រួលនៃមិត្តភាពកម្ពុជា-ចិន ដែលប្រៀបដូចជាផ្ទាំងសិលានិងដែកថែប។ សម្ដេចតេជោចាត់ទុកចិន គឺជាមិត្តចាស់ ជាមិត្តពិត និងជាមិត្តដ៏គួរជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ ក្នុងចំណោមប្រធានបទដែលបានលើកមកពិភាក្សា បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានថ្នាក់ដឹកនាំទាំងពីរពិភាក្សាយ៉ាងស៊ីជម្រៅដែរ។

ទី២៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា(AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ។ រហូតមកទល់ពេលនេះ ពលរដ្ឋភៀសសឹកជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួន ដោយពួកគេបានរាយបន្លាលួស ទូរកុងតឺន័រ ហើយបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។

បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្នុងស្មារតីគោរពកិច្ចព្រមព្រៀងនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូត៩លើកហើយទៅកាន់ភាគីថៃ គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមាន ដើម្បីស្នើបើកកិច្ចប្រជុំពិសេសនៃគណៈកម្មការចម្រុះJBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែង ប៉ុន្តែ ភាគីថៃនៅមិនទាន់បានធ្វើតាមសំណើរនេះនៅឡើយទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាគោរពនិងផ្តល់តម្លៃខ្ពស់ដល់អាណត្តិ និងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការសង្កេតការណ៍ និងផ្ទៀងផ្តាត់ការការគោរពបទឈប់បាញ់ ក៏ដូចជាអនុវត្តន៍ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
Previous Post Next Post