ប្រមុខមហាផ្ទៃ ស្វាគមន៍ និងសន្យាជ្រោមជ្រែងធុរជនជប៉ុនបោះទុនពង្រីកការវិនិយោគនៅតាមបណ្ដាខេត្តកម្ពុជា
ចេញផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ភ្ជាប់នឹងការបង្ហាញក្ដីរីករាយចំពោះសកម្មភាពវិនិយោគក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យមជប៉ុន នៅតាមបណ្ដាខេត្តនៃប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងជំនួបនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ អំពីឆន្ទៈត្រៀមផ្ដល់ការគាំទ្រ និងបង្កលក្ខណៈស្របតាមច្បាប់ឱ្យបានប្រកបដោយភាពកក់ក្ដៅ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ជំរុញការវិនិយោគខ្នាតតូច និងមធ្យម ពិសេសផ្ដល់សិទ្ធិសម្រេចឱ្យរដ្ឋបាលរាជធានី-ខេត្ត ទាក់ទាញ និងអនុម័តលើការវិនិយោគតម្លៃក្រោម ៥ លានដុល្លារ។
ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍អំពីការដំណើរការរបស់សហគ្រាស និងក្រុមហ៊ុនជប៉ុនចុងក្រោយ២ទៀត គឺទីតាំងផលិតសូត្រមាស និងចិញ្ចឹមត្រី ដែលមាននៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយទៀតរបស់ជប៉ុនឈ្មោះ Local 5G ក៏បានកំពុងពង្រីកសក្ដានុពលលើបច្ចេកវិទ្យាអ៊ីនធឺណិត។
និយាយដល់ក្រុមហ៊ុន Local 5G នេះភ្លាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ព័ត៌មានបន្ថែមចែកជូនប្រតិភូជប៉ុនថា កសិករកម្ពុជាបច្ចុប្បន្ន កំពុងប្រែក្លាយការធ្វើកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបឌីជីថល តួយ៉ាង កសិករបានប្រើដ្រូនដើម្បីបាញ់ថ្នាំ និងស្រោចជី ប្រើបច្ចេកវិទ្យាបូមទឹកស្រោចស្រពពីចម្ងាយ និងកំពុងមានតម្រូវការសេវាអ៊ីនធឺណិត ដើម្បីបម្រើឱ្យសកម្មភាពផ្សេងៗនៅតាមតំបន់ឆ្ងាយៗ។
ឯកឧត្តមបានបង្ហាញជំនឿ ប្រកបដោយការលើកទឹកចិត្តខ្ពស់ថា តាមរយៈសក្ដានុពលរបស់ខ្លួន ក្រុមហ៊ុននេះ នឹងអាចភ្ជាប់សេវាទៅកាន់តំបន់មានតម្រូវការនានា ពិសេសក្លាយជាជម្រើសសេវាកម្មមួយរបស់ក្រុមហ៊ុនជប៉ុនផ្សេងទៀតនៅកម្ពុជា។
ជាការកត់សម្គាល់ក្នុងជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃនោះដែរ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត អំពីការត្រៀមលក្ខណៈផ្សព្វផ្សាយសក្ដានុពលវិនិយោគខ្នាតតូច និងមធ្យមនៅកម្ពុជា ទៅកាន់ក្រុមធុរជនជប៉ុន ជាពិសេសនឹងជំរុញផែនការនាំពួកគេមកទស្សនកិច្ចប្រទេសកម្ពុជាជាបន្តបន្ទាប់។
ក្នុងនាម សម្ដេចធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះសមានចិត្តដ៏ប្រពៃនេះ និងបានបង្ហាញគំនិតផ្ដួចផ្ដើមឱ្យមានជំនួបរវាងក្រុមធុរជនជប៉ុនជាមួយធុរជនបរទេសផ្សេងទៀត សំដៅបង្កើតបរិយាកាសឈានទៅពង្រីកការវិនិយោគថ្មីៗនៅលើទឹកដីកម្ពុជា។
ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់ជំនួប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសមាគមជប៉ុន-កម្ពុជា៕






